ដោយ : ចូសេផ អែស នី (Joseph S. Nye) (ថ្ងៃទី 21 កក្កដា 2009)
នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប្រជាជនអាមេរិកជាច្រើន បានចាត់ទុកប្រទេសជប៉ុនថាជាការគម្រាមកំហែងផ្នែកសេដ្ឋកិច្ចមួយ ។ ប្រជាជនខ្លះ នៅក្នុងប្រទេសទាំងពីរនេះ បានចាត់ទុកថា សម្ព័ន្ធភាពសន្តិសុខ ដែលជារបស់សេសសល់ពីសង្គ្រាមត្រជាក់នោះ នឹងត្រូវបោះបង់ចោល ។
និន្នាការទាំងនេះ ត្រូវបានធ្វើឱ្យត្រឡប់ក្រោយដោយ “ របាយការណ៍យុទ្ធសាស្ត្រអាស៊ីបូព៌ា ” ឆ្នាំ១៩៩៥ របស់រដ្ឋបាល លោកគ្លីនតុន (Clinton) ។ នៅឆ្នាំ១៩៩៦ សេចក្តីប្រកាស គ្លីនតុន-ហាស៊ីម៉ូតូ (Clinton-Hashimoto) សង្កត់ធ្ងន់ថា សម្ព័ន្ធភាពសន្តិសុខ សហរដ្ឋអាមេរិក-ជប៉ុន ជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព ដែលអាចនឹងធ្វើឱ្យវិបុលភាពនៅអាស៊ីបូព៌ា ក្រោយសង្គ្រាមត្រជាក់កើនឡើង ។ ការឈានទៅកៀកនឹងគំនិតនោះ បានបន្តលើមូលដ្ឋានទ្វេភាគី នៅក្នុងសហរដ្ឋអាមេរិក ហើយការស្ទាបស្ទង់មតិបង្ហាញថា វារក្សាបាននូវការទទួលស្គាល់ដ៏ទូលំទូលាយនៅក្នុងប្រទេសជប៉ុន ។ អ្នកសង្កេតការណ៍ដ៏ជិតស្និទ្ធបំផុតនៃទំនាក់ទំនងនេះយល់ស្របថា សម្ព័ន្ធភាពសហរដ្ឋអាមេរិក-ជប៉ុនបច្ចុប្បន្នស្ថិតក្នុងលក្ខខ័ណ្ឌ ប្រសើរ ច្រើនជាងកាលពី ១៥ឆ្នាំមុន ។
ទោះជាយ៉ាងណាក៏ដោយ ក៏សម្ព័ន្ធភាពនេះ ជួបនឹងការប្រឈមសំខាន់ៗ នៅក្នុងបរិស្ថានខាងក្រៅថ្មីមួយ ។ មួយគឺ កូរ៉េខាងជើង ដែលអត្តចរិតថ្មីៗនេះរបស់គេ ស្ថិតក្នុងភាពវាងវៃ និងធ្វើឱ្យខកចិត្ត ។ ជនកូរ៉េខាងជើងបានរំលោភកិច្ចព្រមព្រៀងរបស់ពួកគេ ដោយគេដឹងថា ចិនដែលជាប្រទេសមានសក្តានុពលនៃគំនាស់ដ៏ធំសម្បើមបំផុត ព្រួយបារម្ភណាស់អំពីការដួលរលំ នៃរបបនៅកូរ៉េខាងជើង ដែលដោយសារហេតុនោះ វានឹងគម្រាមដោយភាពវឹកវរនៅតាមព្រំដែនរបស់ចិន ។
ជប៉ុនទទួលស្គាល់ជាផ្លូវការនូវទិសដៅនៃពិភពលោកគ្មាននុយក្លេអ៊ែរ ប៉ុន្តែជប៉ុនពឹងផ្អែកលើការពង្រីកនុយក្លេអ៊ែរ ដើម្បីបង្ការការពាររបស់អាមេរិក និង ចង់ចៀសវាងការដែលត្រូវក្លាយជាកម្មវត្ថុនៃការគម្រាមយកប្រយោជន៍ពី កូរ៉េខាងជើង (ឬចិន) ។ ប្រជាជនជប៉ុនភ័យខ្លាចថា គណនេយ្យភាពនៃការបង្ការការពាររបស់អាមេរិក(តាមរយៈការដាក់តាំង នុយក្លេអ៊ែរ) នឹងត្រូវធ្វើឱ្យចុះខ្សោយ ប្រសិនបើសហរដ្ឋអាមេរិចកាត់បន្ថយកំលាំងនុយក្លេអ៊ែររបស់ខ្លួនដល់ ស្មើជាមួយចិន ។
ទោះជាយ៉ាងណាក៏ដោយ វាជាកំហុសមួយដែលជឿថា ការបង្ការការពារនោះ ត្រូវផ្អែកលើភាពស្មើគ្នានៅក្នុងសមាជិក នៃអាវុធនុយក្លេអ៊ែរ ។ ជាជាងត្រូវធ្វើបែបនេះ ការបង្ការការពារនោះ ត្រូវអាស្រ័យទៅលើការរួមបញ្ចូលគ្នានៃសមត្ថភាព និងគណនេយ្យភាព ។ ក្នុងកំឡុងពេលសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកអាចការពារក្រុងប៊ែរឡាំង (Berlin)បាន ពីព្រោះការ សន្យារបស់យើង ដែលត្រូវបានបង្កើតឡើងប្រកបដោយគណនេយ្យភាពដោយបក្សសម្ព័ន្ធណាតូ (NATO) និង វត្តមាននៃកងទ័ពអាមេរិក ដែលជីវិតអ្នកទាំងនោះបាន ស្ថិតនៅមាត់ជ្រោះនៃការវាយប្រហារដោយសូវៀត ។
តាមពិតការអះអាងល្អបំផុត នៃការបង្ការការពាររបស់អាមេរិក លើជប៉ុននៅតែបានត្រូវបន្សល់ទុក នោះគឺវត្តមាន កងទ័ពអាមេរិកជិត ៥០.០០០ នាក់ (ដែលជប៉ុនរក្សាការផ្គត់ផ្គង់ដោយសប្បុរសក្នុងឋានៈជាភ្ញៀវជាតិ) ។ គណនេយ្យភាពក៏ត្រូវបានបន្ថែមឡើង ដោយគម្រោងការរួមដូចជា ការអភិវឌ្ឍន៍ការការពារមីស៊ីលផ្លោងក្នុងតំបន់ជាដើម ។
សំខាន់ដូចគ្នានេះដែរគឺ ទង្វើអាមេរិកបានបង្ហាញអាទិភាពខ្ពស់ថា សហរដ្ឋអាមេរិកផ្តល់ដល់សម្ព័ន្ធភាព ហើយនឹងការធានាថាមិនចាប់ផ្ដើមទៅក្នុងអ្វីដែលជប៉ុនភ័យខ្លាចថានឹង ក្លាយជា “ ការរំលងផុតជប៉ុន (Japan-passing) ” (និន្នាការដែលផ្ដោតទៅលើចំណុចក្តៅផ្សេងទៀតក្នុងតំបន់ដូចជាមជ្ឈឹម បូព៌ា ឬចិនជាដើម) ក្នុងទំនាក់ទំនងរបស់អាមេរិកជាមួយអាស៊ី ។ ប្រការនេះ ជាហេតុដែលថា ហេតុអ្វីវាសំខាន់ខ្លាំងម្ល៉េះ ទើបដំណើរជាលើកដំបូង របស់រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) គឺមកកាន់អាស៊ី និង ការសំចតលើកដំបូងរបស់លោកស្រី គឺនៅក្នុងប្រទេសជប៉ុន ។ វាក៏ជាមូលហេតុផងដែរ ដែលមិនត្រូវនិយាយពី G2 ជាផ្លូវការជាមួយប្រទេសចិន តែគឺនិយាយពីកិច្ចសហប្រតិបត្តិការពហុភាគី ។
ការប្រឈមទីពីរសម្រាប់ជប៉ុនគឺ កំណើនឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ។ ថ្វីបើជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយក៏ដោយ ក៏កំណើនអំណាចរបស់ចិន ធ្វើឱ្យជប៉ុនជ្រួលច្របល់ក្នុងចិត្ត ។ នៅពេលចរចាឡើងវិញ នូវសម្ព័ន្ធភាពសន្តិសុខសហរដ្ឋអាមេរិក-ជប៉ុន នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជួនកាលមេដឹកនាំជប៉ុនសួរខ្ញុំជាឯកជនថា ក្រែងសហរដ្ឋអាមេរិកអាចនឹងបោះបង់ ជប៉ុន ទៅពេញចិត្តចិនវិញ ។
នៅពេលនោះ (និង បច្ចុប្បន្ន) ខ្ញុំបានឆ្លើយតបថា មានលទ្ធភាពតិចតួចនៃការប្រែក្រឡាស់បែបហ្នឹង ព្រោះមានហេតុផលពីរ ។ ទីមួយ ចិនដាក់ចេញនូវការគម្រាមកំហែងដ៏មានសក្តានុពល រីឯជប៉ុនមិនដូចនោះទេ ។ ទីពីរ សហរដ្ឋអាមេរិក ចែករំលែកតម្លៃប្រជាធិបតេយ្យជាមួយជប៉ុន ហើយចិនមិនមែនជាប្រទេសប្រជាធិបតេយ្យទេ ។
ជាងនេះទៅទៀត ការវិវត្តន៍ផ្ទៃក្នុងរបស់ចិននៅតែមិនច្បាស់លាស់ ។ ខណៈពេលប្រជាជនចិនសព្វថ្ងៃ មានសេរីភាពច្រើនជាងរាល់ពេលក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ការវិវត្តន៍នយោបាយរបស់ចិន តាមមិនទាន់ និងនៅពីក្រោយដំណើរការរីកចំរើនសេដ្ឋកិច្ចរបស់គេ ។ ដោយខុសពីប្រទេសឥណ្ឌា ចិនមិនបានដោះស្រាយបញ្ហានៃការចូលរួមខាងនយោបាយឡើយ ។ វាតែងតែមានភាពគ្រោះថ្នាក់នៃកាកសំណល់ ដែលថា ចិននឹងឱបក្រសោបលទ្ធិជាតិនិយមចំពោះមុខបញ្ហាក្នុងស្រុកនានា ។
ទន្ទឹមគ្នានេះ វាគឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក-ជប៉ុន និង ចិន ដែលថាកំណើនរបស់ចិនគឺមានសន្តិភាព និង សុខដុមរមនា (នៅក្នុងសម្ដីរបស់មេដឹកនាំចិន) ។ ប្រព្រឹត្ដចំពោះចិនដូចជាសត្រូវម្នាក់ អ្នកនឹងធានានូវអមិត្តភាព ។ ប្រការនោះ ជាមូលហេតុដែលថា ហេតុអ្វីទើបបានជាយុទ្ធសាស្ត្រនៃសមាហរណកម្ម បូកជាមួយនឹងការបញ្ចៀសភាពមិនច្បាស់លាស់ មានន័យណាស់សម្រាប់ប្រទេសទាំងពីរសហរដ្ឋអាមេរិក និង ជប៉ុន ។ តាមពិត វាមាននូវគោលដៅដ៏ខ្លាំងក្លាសម្រាប់សហរដ្ឋអាមេរិក ជប៉ុន និង ចិនដើម្បីចាប់ផ្ដើមក្នុងតំបន់នេះនូវសហប្រតិបត្ដិការត្រីភាគី និងសហប្រតិបត្តិការកំរិតតំបន់ផ្សេងទៀត ។
ទីបី សម្ព័ន្ធភាពសហរដ្ឋអាមេរិក-ជប៉ុន នឹងត្រូវប្រទល់មុខនឹងបណ្តុំថ្មីមួយនៃភាពប្រឈមឆ្លងកាត់ប្រទេស ចំពោះផលប្រយោជន៍ស្លាប់រស់របស់យើងដូចជា ការឆ្លងរោគរាតត្បាត, ភេវរកម្មនិយម និងការចាកចេញនៃមនុស្សពីរដ្ឋនានា ដែលបរាជ័យធ្លាក់ចុះ ។ ការដែលសំខាន់ក្នុងចំណោមភាពប្រឈមទាំងនេះ គឺការគម្រាមកំហែងដែលបង្កើតឡើងដោយការកើន កំដៅជាសកលជាមួយនឹងការដែលចិនបានឈានហួសសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកផលិតនាំមុខការនៃការបំភាយឧស្ម័ន កាបោនឌីអុកស៊ីត (ថ្វីបើមិនស្ថិតក្នុងទម្រង់គិតលើមនុស្សម្នាក់ៗក៏ដោយ) ។
ជាសំណាងល្អ នេះជាតំបន់មួយដែលអ្វីៗប្រព្រឹត្ដទៅចំពោះមុខភាពរឹងមាំរបស់ជប៉ុន ។ បើទោះបីប្រជាជនជប៉ុនខ្លះ ត្អូញត្អែរ អំពីធម្មជាតិនៃភាពមិនស្មើគ្នាក្នុងសមាសភាពសន្តិសុខរបស់ សម្ព័ន្ធភាព ដោយសារតែដែនកំណត់ដែលជប៉ុនបានទទួលសំរាប់ការប្រើប្រាស់កម្លាំង នៅក្នុងតំបន់ថ្មីនេះក៏ដោយ ក៏ជប៉ុនជាដៃគូដ៏ខ្លាំងម្នាក់ ។ ជំនួយអភិវឌ្ឍន៍បរទេសរបស់ជប៉ុននៅក្រៅប្រទេស ចាប់ពីអាហ្វ្រិចទៅដល់អាហ្វានីស្ថាន, ការចូលរួមរបស់ប្រទេសនេះក្នុងគម្រោងសុខភាពជាសកល, ការផ្គត់ផ្គង់របស់ប្រទេសនេះដល់អង្គការសហប្រជាជាតិ, ការចូលរួមខាងកងនាវារបស់ប្រទេសនេះ នៅក្នុងប្រតិបត្តិការប្រឆាំងអំពើប្លន់តាមសមុទ្រ ព្រមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើប្រសិទ្ធភាពថាមពលរបស់ជប៉ុន បានដាក់ប្រទេសនេះជារណសិរ្សជួរមុខក្នុងការដោះស្រាយជាមួយនឹងការ ប្រឈមឆ្លងកាត់ប្រទេសថ្មីៗ ។
ដោយផ្តល់របៀបវារៈបច្ចុប្បន្ន វាមាននូវសក្តានុពលដ៏សម្បើមសម្រាប់ភាពជាដៃគូស្មើភាពមួយ ដោយបំពេញការងារជាមួយប្រទេសដទៃៗទៀត ក្នុងការបំរុងទុកទំនិញសាធារណជាសកល ដែលនឹងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក-ជប៉ុន និងប្រទេសដទៃៗទៀតរបស់ពិភពលោក ។ នោះជាមូលហេតុដែលខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតនៃ សម្ព័ន្ធភាពសហរដ្ឋអាមេរិក-ជប៉ុន ៕
ចូសេហ្វ អែស. នី, ជូនៀរ (Joseph S. Nye Jr.) ជាសាស្ត្រាចារ្យនៅ Harvard និងជាអ្នកនិពន្ធ The Powers to Lead ។
រក្សាសិទ្ធិ: Project Syndicate ឆ្នាំ០០៩ ។