សៀវភៅ “ ក្រោយពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ” ដែលទើបតែបោះពុម្ពផ្សាយ
ភ្នំពេញ: ទើបត្រូវបានបោះពុម្ពផ្សាយដោយ Niasprees នៃប្រទេសដាណឺម៉ាក សៀវភៅដែលមានចំណងជើងថា “ ក្រោយពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ” ត្រូវបានរៀបចំដោយអ្នកស្រាវជ្រាវអន្តរជាតិ និងដោយមានការចូលរួមពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នឹងត្រូវ យកមកផ្សព្វផ្សាយជាសាធារណៈ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា នេះ នៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា ។ ដោយឡែក សៀវភៅមួយផ្សេងទៀត ដែលមានចំណងជើងថា “ បំលាស់ប្តូរសេដ្ឋកិច្ចនៅកម្ពុជា ” ដែលកំពុងតែបោះពុម្ព ក៏ត្រូវបានគេលើកឡើងអំពីខ្លឹមសារ និងគោលបំណងសំខាន់ៗនៃសៀវភៅនោះដែរ ។
ខ្លឹមសារសំខាន់ៗមួយចំនួននៃសៀវភៅ “ ក្រោយពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ” បានផ្តោតទៅលើការសិក្សាស៊ីជម្រៅដំបូងគេ ដើម្បីវាយតម្លៃតាមលក្ខណៈជាប្រព័ន្ធ និងតាមបទពិសោធន៍ជាក់ស្តែងអំពីដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មនៅ កម្ពុជា ក្រោយពេលបញ្ចប់ជម្លោះ ។ ការបកស្រាយបំភ្លឺពីភាពស្មុគស្មាញ នៃដំណើរការធ្វើប្រជាធិបតេយ្យភាវូបនីយកម្ម និងការស្រាវជ្រាវពីភាពតានតឹងរវាងតម្រូវការ ។
សៀវភៅនេះ ដែលសរសេរដោយអ្នកស្រាវជ្រាវចម្រុះខ្មែរ និងបរទេសមួយក្រុម មាន ១០ ជំពូក រួមមាន: ជំពូកទី១ និយាយអំពីក្រោយពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ជំពូកទី២ និយាយអំពីការកសាងអាជ្ញាធរនយោបាយពេញច្បាប់ឡើងវិញ តាមរយៈការបោះឆ្នោត ។ ជំពូកទី៣ និយាយអំពីប្រព័ន្ធតុលាការ និងប្រជាធិបតេយ្យភាវូបនីយកម្ម ។ ជំពូកទី៤ និយាយអំពីវិមជ្ឈការជាយុទ្ធសាស្ត្រសម្រាប់ការកសាងរដ្ឋឡើងវិញ ។ ជំពូកទី៥ និយាយអំពីសកលភាវូបនីយកម្ម ការចូលរួមរបស់ស្ត្រី ក្នុងសកម្មភាពនយោបាយ និងនយោបាយនៃភាពពេញច្បាប់ និងការកសាងប្រទេសឡើងវិញ ។ ជំពូកទី៦ និយាយអំពីសេដ្ឋកិច្ចនយោបាយនៃជំនួយ និងភាពពេញច្បាប់នៃរបបគ្រប់គ្រង ។ ជំពូកទី៧ និយាយអំពីការកសាងភាពពេញច្បាប់ខាងនយោបាយនៅមូលដ្ឋាន តាមរយៈអន្តរាគមន៍ខាងអភិបាលកិច្ច ។ ជំពូកទី៨ និយាយអំពីសាសនានៅកម្ពុជា តាំងពីឆ្នាំ១៩៨៩ ។ ជំពូកទី៩ និយាយអំពីការកសាងភាពពេញច្បាប់ឡើងវិញ តាមរយៈ “ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ” ។ និងជំពូកទី១០ និយាយអំពីការស្វែងរកគ្មានទីបញ្ចប់ នូវភាពពេញច្បាប់ខាងនយោបាយនៅប្រទេសកម្ពុជា ក្រោយពេលបញ្ចប់ជម្លោះ ។
បើតាមគំនិតអ្នកនិពន្ធសៀវភៅនេះ បានឆ្លុះបង្ហាញឱ្យឃើញថា កិច្ចព្រមព្រៀងសន្តិភាព កិច្ចប្រឹងប្រែងធំៗក្នុងការកសាងប្រទេសឡើងវិញ និងការបោះឆ្នោត ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅក្រោយសម័យខ្មៅងងឹតនៃសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍នៅកម្ពុជា មិនបាននាំមកនូវរបបប្រជាធិបតេយ្យ និងការស្ថាបនាប្រទេសជាតិឡើងវិញតាមការសង្ឈឹមទុកនោះទេ ។ ស្ថិរភាពនយោបាយ បានកើតមានឡើង ប៉ុន្តែហាក់ដូចជា បានប៉ះពាល់ ដល់ការរីកលូតលាស់នៃរបបប្រជាធិបតេយ្យ ។ ម្យ៉ាងទៀត កិច្ចប្រឹងប្រែងកសាងប្រទេសឡើងវិញ ហាក់ដូចប្រទាំងប្រទើសគ្នា ជាមួយនឹងដំណើរការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មបែបសេរី ។
ក្នុងកម្មវិធីដែលគ្រោងនឹងធ្វើការផ្សព្វផ្សាយសៀវភៅនេះ និងព័ត៌មានថ្មីៗស្តីពីការស្រាវជ្រាវរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមប្រធានបទ “ ការវិវត្តន៍ផ្លាស់ប្តូរនៅកម្ពុជា តើការស្រាវជ្រាវនាពេលថ្មីៗបានប្រាប់អ្វីខ្លះ? ” នោះ ក៏បានបញ្ជាក់ប្រាប់អំពីសៀវភៅមួយប្រភេទទៀត ដែលគ្រោងនឹងចេញផ្សាយ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។ សៀវភៅនោះ មានចំណងជើងថា “ បំលាស់ប្តូរសេដ្ឋកិច្ចនៅកម្ពុជា ” ។
សៀវភៅនេះ ដែលកំពុងតែធ្វើការបោះពុម្ពដោយ Niasprees នៃប្រទេសដាណឺម៉ាក បានលើកឡើងថា ប្រទេសកម្ពុជា បានឃ្លាតចេញពីស្ថានភាព ក្រោយពេលបញ្ចប់ជម្លោះ ដែលសំគាល់បានតាមស្រមោលអស្ថិរភាព ដែលនៅតែអន្ទោលតាមភាពទន់ខ្សោយនៃស្ថាប័នរដ្ឋាភិបាល ហើយនិងសេដ្ឋកិច្ច ដែលផ្អែកលើការធ្វើអាជីវកម្ម ក្នុងរយៈពេលខ្លី ដោយគ្មានផែនការ និងគ្មានច្បាប់គ្រប់គ្រងនូវធនធានផ្សេងៗ ។ ប្រទេសកម្ពុជាបច្ចុប្បន្ន បានឈានចូលដល់សម័យនៃបំលាស់ប្តូរសេដ្ឋកិច្ចដោយមានកំណើនសេដ្ឋកិច្ច លឿន ប្រកបដោយចីរភាព ។ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុង ១០ឆ្នាំកន្លងទៅ មិនមែនជាលទ្ធផលនៃរបបទីផ្សារសេរីទេ មិនមែនឆ្លុះបញ្ចាំងពីកម្លាំងសហគ្រិនភាព ដែលអាចដំណើរការបានដោយសេរី និងដែលគ្រាន់តែត្រូវមានការគ្រប់គ្រងសន្ទុះខ្លះ ដើម្បីអាចហុចផលចំណេញដ៏ធំធេងដល់ប្រជាជនក្រីក្រនៅកម្ពុជា ហើយក៏មិនមែនដឹកនាំទាំងស្រុងដោយរដ្ឋដែរ ប៉ុន្តែជាលទ្ធផលនៃសេចក្តីសម្រេចចិត្ត ដែលត្រូវបានធ្វើឡើង ដោយពួកជនមានឋានៈខ្ពស់នៅកម្ពុជា ដែលឃុបឃិតគ្នា ជាមួយពួកអាជីវករ ជាដៃគូរបស់ខ្លួន ។
កម្លាំងនយោបាយ និងសេដ្ឋកិច្ច ដែលជម្រុញបំលាស់ប្តូរនេះ មានភាពស្មុគស្មាញ និងមានប្រភពនៅខាងក្នុង និងខាងក្រៅ សេដ្ឋកិច្ច និងរដ្ឋកម្ពុជា ។ កត្តាចម្បងៗទាំង៣ ដែលជម្រុញបំលាស់ប្តូរ រួមមាន: ១) សមាហរណកម្មរបស់កម្ពុជានៅក្នុងទីផ្សារសកល និងតំបន់ ដោយសារកំណើនសេដ្ឋកិច្ចនៅប្រទេសចិន ។ ២) ទំនាក់ទំនងរវាងមួយផ្នែក ដែលមានគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច ប្រព័ន្ធការិយាល័យធិបតេយ្យ កងទ័ព និងមួយផ្នែកទៀត ដែលមានជនមានឋានៈខ្ពស់ក្នុងវិស័យអាជីវកម្ម ដែលសម្របសម្រួល និងធ្វើការចរចាលើមួយភាគធំនៃវិនិយោគពីបរទេស ចូលមកក្នុងប្រទេសកម្ពុជា និង ៣) ការចូល រួមរបស់ស្ថាប័នហិរញ្ញវត្ថុធំៗ និងអ្នកផ្តល់ជំនួយទ្វេភាគី ។
ការវិភាគលើអន្តរកម្មរវាងកត្តាទាំង៣ ខាងលើនេះ អ្នកនិពន្ធសៀវភៅនេះ បានបង្ហាញថា វាមានសារៈសំខាន់បំផុតដើម្បីយល់ដឹងពីបែបបទដែលសេដ្ឋកិច្ចកម្ពុជា មានការផ្លាស់ប្តូរយ៉ាងលឿន ។ ក្នុងដំណើរការផ្លាស់ប្តូរនេះ ក៏មានផុសឡើងនូវកម្លាំងកៀបសង្កត់ ភាពអយុត្តិធម៌ខាងសេដ្ឋកិច្ច និងវិសមភាព ពីព្រោះមានករណីជាច្រើន ដែលធនធានរបស់បុគ្គល និងសហគមន៍ ត្រូវបានដកហូត និងយកធ្វើអាជីវកម្ម ជាលក្ខណៈពាណិជ្ជកម្ម ។
យោងតាមបំលាស់ប្តូរខាងលើ សៀវភៅនេះ ព្យាយាមលើកសំណួរជាច្រើន ដែលជាចំណុចរសើប ខាងនយោបាយ ប៉ុន្តែមានសារៈសំខាន់សម្រាប់ការវិភាគ ដោយផ្តោតការពិចារណាទៅលើភាពសមហេតុផលខាងនយោបាយ និងសេដ្ឋកិច្ច ជាឫសគល់នៃការបែងចែកអំណាច ការដកហូត និងការបែងចែកធនធាន និងបទបញ្ញត្តិគ្រប់គ្រងទីផ្សារ ដែលជះឥទ្ធិពលទៅលើបំលាស់ប្តូរសេដ្ឋកិច្ចបច្ចុប្បន្ន ៕
No comments:
Post a Comment