ភ្នំពេញ: ចំណុចផ្លូវដែលភាគច្រើនគេបើកលឿននៅក្នុងក្រុងភ្នំពេញ មានតែនៅតាមផ្លូវ៥៩៨ និងផ្លូវសហព័ន្ធរុស្ស៊ី ក្រៅពីនេះការប្រើប្រាស់ល្បឿនលឿន មានតែពេលប្រជែងគ្នារយៈចម្ងាយខ្លី ហើយបទល្មើសដែលបានផាកពិន័យកន្លងទៅនេះ មានតែត្រឹមថ្នាក់បទលហុថ្នាក់លេខ១ ប៉ុណ្ណោះ ។
ប៉ូលិសចរាចរត្រួតពិនិត្យល្បឿនបើកបរ នៅក្នុងរាជធានីភ្នំពេញ
លោក អែល ណារិន អនុប្រធានការិយាល័យនគរបាលចរាចរជើងគោក នៃស្នងការរាជធានីភ្នំពេញ បាននិយាយឲ្យដឹង នៅថ្ងៃទី៩ កក្កដានេះថា ការត្រួតពិនិត្យល្បឿននៅលើដងផ្លូវមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីនៅតែបន្តធ្វើ ហើយការធ្វើមួយរយៈកន្លងទៅនេះ មិនមានជួបការលំបាកទេ ព្រោះធ្វើនៅក្នុងជំហានអប់រំ ច្រើនជាងការផាកពិន័យ ។ បទល្មើសល្បឿនដែលបានរកឃើញនៅក្នុងការត្រួតពិនិត្យមួយរយៈកន្លងទៅនេះ គឺមានត្រឹមបទលហុថ្នាក់លេខ១ ដែលត្រូវពិន័យជាប្រាក់ត្រឹម ៥,០០០ រៀល សម្រាប់រថយន្តតូច និង ១០,០០០ រៀល សម្រាប់រថយន្តធំប៉ុណ្ណោះ ។
ប្រភពខាងលើបានបន្ដទៀតថា ការត្រួតពិនិត្យល្បឿនកន្លងទៅនេះ មិនទាន់បានអនុវត្តចំពោះអ្នកបើកបរម៉ូតូនៅឡើយទេ តែនឹងធ្វើព្រោះម៉ូតូភាគច្រើនបើកលឿនជាងរថយន្តស្ទើរនៅគ្រប់ផ្លូវ ក្នុងក្រុង ។ ផ្លូវនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលរថយន្តភាគច្រើនត្រូវបានគេបើកលឿន មានតែផ្លូវសហព័ន្ធរុស្ស៊ីត្រង់ម្តុំចំណុចហួសផ្លូវចូលព្រលាន យន្តហោះ (ចំណុចផ្លូវកោង) និងផ្លូវ៥៩៨ ក្រៅពីនេះការប្រើប្រាស់ល្បឿនលើសកំណត់ មានតែពេលជែងគ្នារយៈចម្ងាយខ្លីប៉ុណ្ណោះ ។
ចំណែកឯការត្រួតពិនិត្យជាតិអាល់កុលវិញប្រភពដដែលបញ្ជាក់ថា បាននឹងកំពុងអនុវត្តដូចជា ការត្រួតពិនិត្យល្បឿនដែរ ។ ការត្រួតពិនិត្យមួយរយៈកន្លងទៅនេះ មិនមានបញ្ហាអ្វីស្មុកស្មាញទេ ។ អ្នកបើកបរដែលយើងបានរកឃើញមានជាតិអាល់កុល (ស្រវឹងស្រា) ច្រើនហួសពីការកំណត់ យើងបានហៅមិត្តភ័ក្ត្រ ឬបងប្អូនរបស់គេ អោយមកយករថយន្តទៅផ្ទះ គឹមិនអោយអ្នកស្រវឹងខ្លាំងនោះបើកបន្តទៀតទេ ។ តាមច្បាប់ចរាចរផ្លូវគោក ដែលកំពុងត្រូវបានអនុវត្តនៅត្រង់មាត្រា៩ ចែងថា ហាមពិសារជាតិស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០,២៥ មីលីក្រាម ក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុង ១ លីត្រឈាមឡើង ។ នៅត្រង់មាត្រា ៨៨ ចែងថា បើកបរដោយមានជាតិអាល់កុលចាប់ពី ០,២៥ ទៅ ០៣៩ មីលីក្រាមក្នុង ១ លីត្រខ្យល់ ឬចាប់ពី ០,៥ ទៅ ៧៩ ក្រាមក្នុង ១ លីត្រឈាមត្រូវពិន័យជាប្រាក់ ៦,០០០ រៀល សម្រាប់ទោចក្រយានយន្ត ១២,០០០ រៀល សម្រាប់យានយន្តធុនស្រាល និងចំនួន ២៥,០០០ រៀល សម្រាប់យានយន្តធុនធ្ងន់ ។
តាមច្បាប់ចរាចរត្រង់មាត្រា១៧ បានចែងថា ល្បឿនបើកបរយានជំនិះត្រូវបានកំណត់ នៅទីប្រជុំជនអ្នកបើកបរត្រូវប្រើល្បឿនអតិបរមា ៣០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។ ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្តត្រូវប្រើល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។ មាត្រា ៨៨ ត្រង់ចំណុចបទលហុថ្នាក់លេខ៤ ចែងថា បើកបរហួសល្បឿនកំណត់ត្រូវបានពិន័យជាប្រាក់ ៦,០០០ រៀលសម្រាប់ទោចក្រយានយន្ត ១២,០០០ រៀល សម្រាប់យានយន្តធុនស្រាល និងចំនួន ២៥,០០០រៀលសម្រាប់យានយន្តធនធ្ងន់ ៕
Thursday, July 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment